អ្នកនយោបាយ និងសង្គមស៊ីវិល ៖ ក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ជាធរមាន ចំពោះអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា ក្នុងករណីរំលោភយកដីដែនជម្រកសត្វព្រៃភ្នំព្រិច
អ្នកនយោបាយវ័យក្មេង និងសង្គមស៊ីវិល ជម្រុញអោយក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស្រាវជ្រាវលើករណីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា រំលោភយកដីដែនជម្រកសត្វព្រៃភ្នំព្រិច ដែលមានទំហំប្រមាណ ៩៩០ ហិចតា ដោយត្រូវអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ជាធរមាន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បានលើកឡើងថា ការរំលោភយកដីទំហំប្រមាណ ៩៩០ ហិចតា ក្នុងខេត្តមណ្ឌលគិរី ពីសំណាក់លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាការប្រើប្រាស់អំណាច តួនាទីខុស និងជាការប្រព្រឹត្តអំពើពុករលួយ ដូច្នេះស្ថានប័នពាក់ព័ន្ធត្រូវតែអនុវត្តន៍ច្បាប់អោយធ្ងន់ធ្ងរលើលោកអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ ដោយលោក ពេជ្រ ស្រស់ សង្កត់ធ្ងន់ថា ប្រសិនបើច្បាប់មិនអាចអនុវត្តចំពោះមន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បាននោះទេ កម្ពុជាមិនបាច់មានច្បាប់តទៅទៀតនោះឡើយ គួរតែលុបច្បាប់ចោលតែម្ដងទៅ ។
អ្នកនយោបាយរូបនេះ ក៏បានជម្រុញអោយអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ ធ្វើការស្រាវជ្រាវលើករណីមួយនេះ អោយបានច្បាស់លាស់ និងត្រូវមានវិធានការចំពោះបុគ្គល សេង សុវណ្ណារ៉ា ដើម្បីធានាតម្លាភាព និងប្រសិទ្ធិភាព ក្នុងការអនុវត្តច្បាប់លើបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់បែបនេះ ។
ស្រដៀងគ្នានេះដែរ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏ជម្រុញអោយស្ថានប័នជំនាញធ្វើការអនុវត្តវិធានការ តាមនីតិវិធីច្បាប់ជាធរមាន ចំពោះលោក សេង សុវណ្ណារ៉ា ដែលមានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយមិនត្រឹមតែដកតំណែងរួចចប់នោះឡើយ ហើយលោកនឹងតាមដានលើករណីមួយនេះ ជាបន្តទៀត ផងដែរ ។
លើសពីនេះ លោក វឌ្ឍនាសាប៊ុង ក៏ជម្រុញអោយមានការស៊ើបអង្កេតលើអាជ្ញាធរខេត្តមណ្ឌលគិរី ផងដែរ ក្នុងការចុះហត្ថលេខាប្រគល់ដីប្រមាណជិត ១០០០ ហិចតា នេះ ទៅអោយលោក សេង សុវណ្ណារ៉ា ដែលហាក់បង្ហាញអោយឃើញនូវភាពមិនប្រក្រតីក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ។
ជាមួយគ្នានេះ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ចាត់ទុកករណីនេះ ជាការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ក្នុងបទល្មើសរំលោភយកដីរដ្ឋ រវាងលោក សេង សុវណ្ណារ៉ា និងអាជ្ញាធររួមទាំងមន្រ្តីជំនាញ ដូច្នេះជាកាតព្វកិច្ចរបស់ស្ថាប័នអយ្យការ ត្រូវតែធ្វើស៊ើបអង្កេត និងស្រាវជ្រាវលើបុគ្គលទាំងនោះ រួចកសាងសំណុំរឿង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ជាធរមាន ។
ដោយឡែកលោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ វិទ្យុសំឡេងយុវជន មិនអាចសុំការបកស្រាយបាននោះទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានចេញលិខិតអោយអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក សេង សុវណ្ណារ៉ា កាន់កាប់ដីធ្លីទំហំ ៩៩០ ហិកតាស្ថិតនៅដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកោះញែក ស្របទៅតាមច្បាប់ ប៉ុន្តែថ្មីៗ នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានសម្រេចដកហូតយកដីចំនួន ៩៩០ ហិកតា នេះ ប្រគល់អោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី គ្រប់គ្រងជាសម្បត្តិរដ្ឋវិញ ក្រោយពីដីនេះត្រូវបានលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ធ្វើលិខិតរំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានការចុះហត្ថលេខាដោយអភិបាលខេត្តមណ្ឌលគិរី ផងដែរ ។
គូសបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ ក្នុងសន្និសីទកាសែត លោក ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានប្រកាសថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងលូកដៃក្នុងករណីទំនាស់ដីធ្លីធំៗ ដោយលោក ឳម យិនទៀង ចាត់ទុកថា នេះជាការប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យដីធ្លី ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!