គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៣០ ខែ សីហា ខាងមុខនេះ
នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក របស់លោក ថា គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ វេលាម៉ោង ៨;៣០ នាទីព្រឹក នាទីស្ដីការគណៈរដ្ឋមន្ត្រី វិមានសន្តិភាព ក្រោមវត្តមានរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី មានដូចខាងក្រោម ៖
១- សេចក្តីព្រាងច្បាប់ស្តីពីសំណង់។
២- សេចក្តីព្រាងឯកសារកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ។
៣- សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនតាក់, UNCAC) ជុំទី២នៅកម្ពុជា។
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤.២- ពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វាព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!