សកម្មជនការពារព្រៃឈើ ជម្រុញអោយស្ថាប័នតុលាការ និងកងកម្លាំងសមត្ថកិច្ច ធ្វើការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនរកស៊ីឈើចំនួនបីរូប ដែលកំពុងរត់គេចខ្លួន យកមកផ្ដន្ទទោសតាមនីតិវិធីច្បាប់ជាធរមាន
សកម្មជនការពារព្រៃឈើ ជម្រុញអោយស្ថាប័នតុលាការ និងកងកម្លាំងសមត្ថកិច្ច ធ្វើការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនរកស៊ីឈើចំនួនបីរូប ដែលកំពុងរត់គេចខ្លួន យកមកផ្ដន្ទទោសតាមនីតិវិធីច្បាប់ជាធរមាន ដោយសកម្មជនការពារព្រៃឈើ លើកឡើងថា បើស្ថាប័នតុលាការ និងកម្លាំងសមត្ថកិច្ច មិនធ្វើការចាប់ខ្លួនក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើទាំងនោះទេ ហាក់បង្ហាញថា ស្ថាប័នមានសមត្ថកិច្ចកំពុងតែឃុតឃិតជាមួយឧក្រិដ្ឋជនទាំងនោះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅថ្ងៃនេះ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បានប្រាប់វិទ្យុសំឡេងយុវជន ថា ក្រុមឧកញ៉ារកស៊ីឈើ បីនាក់ ដែលកំពុងរត់គេចខ្លួននោះ គឺស្ថិតក្រោមនីតិវីធីរបស់ស្ថាប័នតុលាការ ដូច្នេះគណៈកម្មការជាតិ មិនមានសមត្ថកិច្ចអ្វីទៀតទេ ដោយលោក អេង ហ៊ី បញ្ជាក់ថា កម្លាំងគណៈកម្មការជាតិ គ្រាន់តែមានតួនាទីបង្ក្រាប និងសម្របសម្រួលកិច្ចការជូនស្ថាប័នតុលាការប៉ុណ្ណោះ ជាវិធានការយ៉ាងណានោះ ជាកិច្ចការសម្រេចរបស់តុលាការ ។
ទាក់ទងនឹងករណីនេះដែរ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានចាត់ទុកក្រុមឧកញ៉ារកស៊ីឈើទាំងនោះ ជាក្រុមឧក្រិដ្ឋជនដែលបានបំផ្លិចផ្លាញធនធានធម្មជាតិរបស់ជាតិ ដូច្នេះបើតុលាការ ព្រមទាំងកម្លាំងសមត្ថកិច្ចទាំងអស់ មិនធ្វើការតាមចាប់ខ្លួនក្រុមឈ្មួញរកស៊ីទាំងនោះ យកមកផ្ដន្ទាទោសនោះទេ ហាក់បង្ហាញអោយឃើញអំពី កម្សោយ និងអសមត្ថកិច្ចភាព របស់ស្ថាប័នតុលាការ និងស្ថាប័នមានសមត្ថកិច្ច ហើយក៏បង្ហាញថា ស្ថាប័នមានសមត្ថកិច្ចទាំងនោះ បានឃុតឃិតជាមួយក្រុមឈ្មួញរកស៊ីឈើនេះ ផងដែរ ។
ជាមួយគ្នានេះ លោក ហេង ស្រស់ មានតែការលើកទឹកចិត្តដល់តុលាការ និងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការទៅតាមនីតិវិធីច្បាប់ជាធរមាន ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងឯករាជ្យភាព ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ស្ថប័នតុលាការ និងកម្លាំងសមត្ថកិច្ច ទៅលើក្រុមឧក្រិដ្ឋជនកាប់បំផ្លាញធនធានព្រៃឈើរបស់កម្ពុជា ។
ស្រដៀគ្នានេះដែរ សកម្មជនការពារព្រៃឡង់ លោក ហឿន សុភាព បានលើកឡើងថា អោយតែកងកម្លាំងសមត្ថកិច្ច ក៏ដូចជាស្ថាប័នតុលាការ មានឆន្ទៈខ្ពស់ ព្រមទាំងបំពេញតាមតួនាទីភារកិច្ចបានត្រឹមត្រូវនោះ ទោះជនល្មើសទាំងនោះ រត់គេចទៅដល់ទីណាក៏ដោយ ក៏អាចចាប់បានមកវិញដែរ ដោយលោកគូសបញ្ជាក់ថា តើមន្រ្តីមានសមត្ថកិច្ចទាំងនោះ ធ្វើ ឬមិនធ្វើតែប៉ុណ្ណោះ ។
លោក ហឿន សុភាព បន្ថែមទៀតថា បើស្ថាប័នមានសមត្ថកិច្ចមិនធ្វើការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនទាំងនោះ មកផ្ដន្ទាទោសតាមនីតិវិធីនោះទេ អាចនឹងមានការរិះគន់ពីមជ្ឈដ្ឋានប្រជាជនទៅលើវិធានការ ឬនីតិវិធីរបស់តុលាការ និងសមត្ថកិច្ច ជាក់ជាមិនខាន ។
សូមជម្រាបជូនថា នៅចុងខែកក្កដា ឆ្នាំ ២០១៩ នេះ តុលាការខេត្តមណ្ឌលគិរី បានចេញលិខិតកោះហៅក្រុមឧកញ៉ារកស៊ីឈើ ចំនួន បីរូប ដែលពាក់ព័ន្ធបទល្មើសព្រៃឈើ ចូលបំភ្លឺនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ នេះ ក៏ប៉ុន្តែក្រុមឈ្មួញឈើ ដែលមានងារជាឧកញ៉ាទាំងនោះ បានរត់គេចខ្លួនបាត់ជាបន្តបន្ទាប់ ដោយក្រុមឧកញ៉ាទាំងបី រូប នោះ រួមមាន ៖ លោក ស្រ៊ុន ម៉េងលាង មេឈ្មួញរកស៊ី នៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ លោក តុប រីដា មេឈ្មួញរកស៊ីឈើ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងលោក វន់ ប៊ុនថៃ មេឈ្មួញរកស៊ីឈើ ប្រចាំស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
គូរកត់សម្គាល់ដែរថា ចាប់ផ្តើមពីបញ្ចេញប្រតិបត្តិការយ៉ាងក្តៅគគុក លើការបង្ក្រាបបទល្មើសព្រៃឈើមកនោះ មនុស្សមួយចំនួន រួមទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើនេះ ត្រូវបានដុតបំផ្លាញចោលជាច្រើនគ្រឿង ផងដែរ ។ ដោយក្នុងនោះ លោក សឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារ ផងដែរ ។ ក្នុងនោះដែរ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានចាប់ខ្លួនលោក គង់ គ្រឹង ឈ្មួញរកស៊ីឈើប្រចាំខេត្តក្រចេះ និងកូនប្រសារបស់លោក ក្នុងករណីបទល្មើសព្រៃឈើ ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!