អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញលិខិតអញ្ជើញប្រធានអង្គការលីកាដូ និងសមាគមធាងត្នោត ចូលរួមកិច្ចពិភាក្សាចង្អៀតស្តីពី «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់»
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញលិខិតអញ្ជើញតំណាងអង្គការលីកាដូ និងសមាគមធាងត្នោត ជាមួយនឹងស្ថាប័នជំនាញដើម្បីចូលរួមក្នុងកិច្ចពិភាក្សាចង្អៀត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២:៣០ នាទីរសៀល នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។
យោងតាមលិខិតរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ញើទៅប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក និងលោក សឿង សារ៉ន ប្រធានសមាគមធាងត្នោត បានបញ្ជាក់ថា កិច្ចពិភាក្សាចង្អៀតនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៖៣០នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងលិខិតអញ្ជើញនោះ បានបញ្ជាក់ថា កិច្ចពិភាក្សា លើប្រធានបទ «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់ » នឹងត្រូវធ្វើឡើងក្នុងបរិបទ ភាពជាដៃគូ សម្រាប់សិទ្ធិនៃការបញ្ចេញយោបល់ និងសិទ្ធិទទួលបានព័ត៌មាន ដើម្បីធានាបាននូវការទទួលព័ត៌មានពិត សម្រាប់សាធារណជន ។
គួររំលឹកដែរថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅកាត់ លីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍មួយ ដោយបានធ្វើការសិក្សាស្រាវជ្រាវ លើការរំលោភបំពានសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ដោយបានរកឃើញថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ជាង២លាននាក់ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ក្នុងនោះដែរ របាយការណ៍របស់អង្គការទាំង២ បានបង្ហាញដែរថា ប៉ុន្មានឆ្នាំចុងក្រោយ កម្រិតនៃបំណុលរបស់ពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ហើយដើម្បីសងបំណុលនោះ កសិករកំពុងបាត់បង់ដីស្រែចំការសម្រាប់ដាំដំណាំកសិកម្មរបស់ខ្លួន តាមរយៈការលក់ដីដោយបង្ខំ ឬទទួលរងសម្ពាធ ដែលការលក់ដីទាំងអស់នេះ ត្រូវបានធ្វើឡើងដោយសារតែមានសម្ពាធយ៉ាងខ្លាំងពីសំណាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាអ្នកកាន់កាប់ប្លង់ដីរបស់ពលរដ្ឋដែលបានដាក់បញ្ចាំ និងប្រើប្រាស់ប្លង់ដីទាំងអស់នោះ ដើម្បីបង្ខំអោយពួកគាត់សងប្រាក់ទៀតទាត់ ។ មូលហេតុនេះហើយ ដែលបណ្តាលអោយកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន តាមរយៈការបង្ខំអោយលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល ជាដើម ។
របាយការណ៍ ចាត់ទុកនៃប្រាក់កម្ចីដែលមានសភាពធ្ងន់ធ្ងរនេះ បានជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដៃគូកម្ចីបរទេសរបស់គ្រឹះស្ថានទាំងនោះ ប៉ុន្តែបានផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សុវត្ថិភាព នៃសិទិ្ធកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសហគមន៍ងាយរងគ្រោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!