ក្រុមសកម្មជន ព្រះសង្ឃ និងនិស្សិតស្រលាញ់ធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ជម្រុញអោយរាជរដ្ឋាភិបាល ត្រូវបញ្ឈប់អាជីវកម្មឈើចេញពីព្រៃធម្មជាតិនូវរាល់គ្រប់រូបភាពទាំងអស់
ក្រុមសកម្មជន ព្រះសង្ឃ និងនិស្សិតស្រលាញ់ធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ជម្រុញអោយរាជរដ្ឋាភិបាល ត្រូវបញ្ឈប់អាជីវកម្មឈើចេញពីព្រៃធម្មជាតិនូវរាល់គ្រប់រូបភាពទាំងអស់ បញ្ឈប់ការចេញលិខិតដឹកជញ្ជូនឈើ PC និង LP បញ្ឈប់ការចេញអាជ្ញាប័ណ្ណនាំឈើចេញ ជាពិសេសត្រូវបិទរោងចក្រអារឈើ និងសិប្បកម្មកែច្នៃឈើទាំងអស់ នៅទូទាំងប្រទេស ។
ក្រុមសកម្មជន និងនិស្សិតស្រលាញ់ធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា បានបង្ហាញក្ដីកង្វល់អំពីការចាត់វិធានការរបស់រាជរដ្ឋាភិបាល អំពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុ្ងងឆ្នាំ ២០១៩ ដោយបានមើលឃើញថា លទ្ធផលរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហាក់មានឆន្ទៈ នៅស្ទាក់ស្ទើរក្នុងការអភិរក្សធនធានព្រៃឈើ នៅឡើយ ដោយរាជរដ្ឋាភិបាល មិនទាន់បានបិទរោងចក្រអារឈើ និងសិប្បកម្មកែច្នៃឈើ នៅទូទាំងប្រទេស នៅឡើយទេ ។
លិខិតអនុញ្ញាត អោយដឹកជញ្ជូនផល អនុផលព្រៃឈើ PC ឬ LP និងអាជ្ញាប័ណ្ណនាំចេញឈើមិនត្រូវបានបិទទាំងស្រុង ជាស្ថាពរ ហើយរាជរដ្ឋាភិបាលនៅតែទទូចផ្ដល់ជូននូវឯកសារដឹកជញ្ជូន PC ឬ LP ដែលហាក់ជួយសម្រួលដល់ក្រុមហ៊ុន ជាដដែល ដែលជាមូលហេតុ ធ្វើអោយមានការរត់ពន្ធឈើឆ្លងដែន នៅតែកើតមានឡើងជាដដែល ជាក់ជាមិនខាន ។
មួយវិញទៀតនោះ ការបើករោងសន្និធិ ស្ដុកឈើ នៅតាមតំបន់ ច្រកចេញចូលតែមួយ គឺមិនត្រឹមតែកាត់បន្ថយអាជីវកម្ម និងរត់ពន្ធឈើឆ្លងដែន នោះទេ ប៉ុន្តែថែមទាំងជួយសម្រួលមធ្យោបាយដឹកជញ្ជូន និងជួយរត់ការធានាឯកសារផ្លូវច្បាប់ ដល់ការដឹកជញ្ជូន និងរត់ពន្ធឈើជូនដល់ក្រុមហ៊ុនរកស៊ីឈើ ដែលនៅឆ្ងាយពីព្រំដែន ហើយបើកឳកាសអោយមានការសមគំនិត ជាដើម ។
ជាមួយគ្នានេះ ក្រុមសកម្មជន និងនិស្សិតស្រលាញ់ធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ក៏បានស្នើអោយរាជរដ្ឋាភិបាល ត្រូវតែបិទអាជីវកម្មឈើ ដែលចេញពីតំបន់ការពារទាំងអស់ នូវគ្រប់រូបភាពទាំងស្រុងតែម្ដង ។
ក្រុមសកម្មជន និងនិស្សិតស្រលាញ់ធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា បានគូសបញ្ជាក់ថា ទស្សនៈទាននេះ មិនមែនដើម្បីរិះគន់រាជរដ្ឋាភិបាលក្នុងបំណងបំរើផលប្រយោជន៍ អ្វីមួយឡើយ គឺជាការព្រួយបារម្ភ ដែលចេញពីឆន្ទៈកូនខ្មែរសុទ្ធសាធ ដែលធ្លាប់តាមដានជំនួញ និងការរត់ពន្ធឈើឆ្លងដែនយ៉ាងហ្មត់ចត់ កន្លងមក។ ក្នុងនោះដែរ ក្រុមសកម្មជន និងនិស្សិតស្រលាញ់ធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា បានអរគុណ កងកម្លាំងប្រដាប់អាវុធ ដែលមានប្រថុយអាយុជីវិត ជួយការពារព្រៃឈើដែលជាកេរ្តិ៍មរតកបន្សល់ទុកពីដូនតា ព្រមទាំងជួយទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំជាបន្តបន្ទាប់ កន្លងមក ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!