គណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយក្រសួងការពារជាតិ ដើម្បីពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី
គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ណេង សហការ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយលោក ឈាង វុន ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ អង្គការហាមឃាត់អាវុធគីមី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជម្រាបជូនគណៈកម្មការនៃរដ្ឋសភា ពីគោលបំណងនៃកិច្ចព្រមព្រៀងនេះដែលផ្ដល់អោយកម្ពុជាទទួលបាននូវសារៈប្រយោជន៍ជាច្រើន មានដូចជា ៖
- ទទួលបានជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព។
- ការធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការហាមឃាត់អាវុធគីមី ដើម្បីសម្អាតកាកសំណល់សារជាតិអាវុធគីមី ដែលបានបន្សល់ទុកក្នុងប្រទេសកម្ពុជា នាសម័យសង្គ្រាមទសវត្សរ៍៦០ និងទសវត្សរ៍៧០។
- ហាមឃាត់ និងទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន នៃសារធាតុគីមីនៅលើទឹកដីប្រទេសកម្ពុជា។
- ចូលរួមជាមួយសហគមន៍ក្នុងតំបន់ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ក្នុងការធ្វើអោយពិភពលោកទាំងមូលមានសុវត្ថិភាពពីការរីកសាយភាយនៃសាធាតុគីមី ស្របតាមមាត្រា៥៤ នៃរដ្ឋធម្មនុញ្ញ នៃកម្ពុជា។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានលើកឡើង ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើកិច្ចការនេះ ដោយអាជ្ញាធរជាតិអាវុធគីមីកម្ពុជាបានធ្វើទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយ៉ាងរលូន និងមានប្រសិទ្ធភាព ជាមួយអង្គការហាមឃាត់អាវុធគីមី ក្នុងការសិក្សាវិភាគលើគោលបំណងនៃមាត្រានីមួយៗ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយមិនមានផលប៉ះពាល់ដល់ច្បាប់គោលនយោបាយ និងសារៈប្រយោជន៍របស់ប្រទេសជាតិឡើយ ។
ក្រោយបានស្ដាប់ការបកស្រាយរបស់លោក ទៀ បាញ់ រួចមក លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា បានសម្តែងនូវការគាំទ្រលើសេចក្តីព្រាងច្បាប់នេះ ហើយសម្រេចថានឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចាត់ចែងទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី មាន៣មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ និងបញ្ជូនមកស្នើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។
គូសបញ្ជាក់ដែរថា កម្ពុជា ជាសមាជិកអង្គការហាមឃាត់អាវុធគីមី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៣ ដោយបានផ្ដល់សច្ចាប័ននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ និងបានចូលជាធរមាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៥។ ចំពោះកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី កម្ពុជាបានចុះហត្ថលេខារួចហើយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ រីឯនីតិវិធីបន្តគឺការផ្ដល់សច្ចាប័នដើម្បីអោយកិច្ចព្រមព្រៀងនេះ ចូលជាធរមាន នៅពេលដែលកម្ពុជាបានតម្កល់ទុកលិខិតូបករណ៍នៃការផ្ដល់សច្ចាប័នជាមួយអង្គការហាមឃាត់អាវុធគីមី។
កន្លងមក ប្រទេសដែលជារដ្ឋភាគីជាមួយអង្គការហាមឃាត់អាវុធគីមី មានចំនួន១៩៣ប្រទេស ។ ប្រទេសដែលបានចុះកិច្ចព្រមព្រៀង មាន ចំនួន៥៦ ក្នុងនោះប្រទេសចំនួន៥៥ បានចុះហត្ថលេខា ប៉ុន្តែបានផ្ដល់សច្ចាប័ន មានចំនួន៤១ប្រទេស។ ដោយឡែកនៅក្នុងអាស៊ាន ប្រទេសដែលបានចុះកិច្ចព្រមព្រៀងមានចំនួន៥គឺ កម្ពុជា ឡាវ ហ្វីលីពីន ថៃ និងវៀតណាម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!