ការរៀបចំទីលានមុខប្រាសាទអង្គរវត្ត កំពុងដំណើរការទៅមុខ
ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងតាមដានការសាងសង់ បានចុះពិនិត្យផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីជំរុញការងារអោយបានទាន់ពេលវេលា និងគោរពតាមបទដ្ឋានបច្ចេកទេស នៃផែនការមេ ។
នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២១០៩ នេះ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងតាមដានការសាងសង់ ដឹកនាំដោយលោក យិត ចាន់ដារដ្ឋ អគ្គនាយករង និងជាតំណាងរបស់លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីជំរុញការងារឱ្យបានទាន់ពេលវេលា និងគោរពតាមបទដ្ឋានបច្ចេកទេស នៃផែនការមេ រក្សាបាននូវគុណតម្លៃផ្នែកបេតិកភណ្ឌ ទាំងផ្នែកវប្បធម៌ និងបរិស្ថាន។
គម្រោងនេះ ស្ថិតនៅមុខខាងលិចប្រាសាទអង្គរវត្ត ក្នុងគោលបំណងលើកតម្លៃរមណីយដ្ឋានអង្គរ អោយមានបរិស្ថានល្អស្អាត កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានាលើប្រាសាទ ទេសភាព និងធម្មជាតិ រក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងភាពថ្លៃថ្នូរក្នុងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះ ផ្នែកសំខាន់ៗនៃគម្រោងរួមមាន ៖ សាងសង់ចំណតយានយន្តគ្រប់ប្រភេទ (សាងសង់រួចរាល់) កន្លែងបដិសណ្ឋារកិច្ច និងផ្តល់ព័ត៌មាន កន្លែងផ្ញើអីវ៉ាន់ កន្លែងសម្រាករង់ចាំ កន្លែងលក់ដូរសម្រាប់ប្រជាពលរដ្ឋដែលមានតូបលក់ដូរស្រាប់ពីមុន សាលពិព័រណ៍ សារមន្ទីរលំហ កន្លែងអាជីវកម្មដែលមានស្តង់ដារអន្តរជាតិ ជាដើម ។
សូមបញ្ជាក់ថា គម្រោងនេះនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល១២ខែ ។ ដោយកន្លងមកអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលស្វីស ក៏បានកសាងទីលានមុខប្រាសាទបន្ទាយស្រីមួយជាគំរូរួចមកហើយ និងបានសម្ពោធដាក់អោយដំណើរការតាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៩ មកម្លេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!