បានគីមូនថាប្រើកំលាំងយោធាមិនអាចបញ្ចប់ជម្លោះនៅយេម៉ែនបានទេ
UNITED NATIONS,28 May : អគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូននៅថ្ងៃពុធនេះបានសម្តែងការព្រួយបារម្ភរបស់លោកអំពីការប្រយុទ្ធគ្នាដែលបានកើនឡើងតាមជើងគោកនិងផ្លូវអាកាសចាប់តាំងពីចុងបញ្ចប់នៃការផ្អាកបទឈប់បាញ់មនុស្សធម៌នៅក្នុងប្រទេសយេម៉ែន និងបានរំលឹកឡើងវិញថា លោកមានការជឿជាក់យ៉ាងមុតមាំថា មិនមានដំណោះស្រាយយោធាណាមួយអាចបញ្ចប់ជម្លោះបានឡើយ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarricបានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃពុធថា អគ្គលេខាធិការបានសម្តែងនូវក្តីព្រួយបារម្ភរបស់លោក នៅពេលដែលលោកបាននិយាយទូរស័ព្ទជាមួយលោកប្រធានាធិបតីយេម៉ែនលោក Abdrabuh Mansour Hadi ។
លោកDujarricបានថ្លែងថា ក្នុងអំឡុងកិច្ចចរចានោះលោកគីមូនបានរំលឹកថា លោកបានស្នើរឲ្យប្រេសិតពិសេសរបស់លោកប្រចាំនៅប្រទេសយេម៉ែនគឺលោក Ismail Ould Cheikh Ahmed ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងទ្វេរដង ក្នុងការពិគ្រោះយោបល់ជាមួយនឹង រដ្ឋាភិបាលយេម៉ែននិងជាមួយនឹងអ្នកនយោបាយរបស់ប្រទេសយេម៉ែននិងបណ្តាប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ បំណងដើម្បីកោះប្រជុំពិគ្រោះយោបល់ស្តីពីស្ថានភាពជម្លោះនៅយេម៉ែន ដែលត្រូវធ្វើនៅទីក្រុងហ្សឺណែវ នេះជាឱកាសដែលអាចធ្វើទៅបានដំបូងបំផុត។
សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានទម្លាក់គ្រាប់បែកនៅជំរុំយោធានៅមួយក្នុងរដ្ឋធានី សាណាប្រទេស យេម៉ែននិងគោលដៅក្នុងទីក្រុងផ្សេងទៀតកាលពីថ្ងៃពុធដោយបានសម្លាប់មនុស្សរាប់សិបនាក់។
អ្នកនាំពាក្យបានថ្លែងទៅកាន់សារព័ត៌មានថា អគ្គលេខាធិការ បានកោតសរសើរចំពោះការអះអាងជាថ្មីរបស់ប្រធានាធិបតីលោក Hadi ដែលបានប្តេជ្ញាចិត្ត ក្នុងការចរចាក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិនិងគាំទ្រយ៉ាងពេញលេញសម្រាប់ ការចូលរួមរបស់រដ្ឋាភិបាលរបស់លោកនៅក្នុងការពិគ្រោះយោបល់នៅក្រុងហ្សឺណែវ។លោកបានបន្តថា អគ្គលេខាធិការសង្ឃឹមថាការពិគ្រោះយោបល់នេះអាចបន្តធ្វើឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕
ដោយ ម៉ែន ឥទ្ឋិពល
ប្រភព: Xinhua
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!