អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៖ ហេដ្ឋារចនាសម្ព័ន្ធ សត្វពាហនៈ និងដំណាំកសិកម្ម រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ខណៈមនុស្ស ៥ នាក់បាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិនេះ
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា ដោយមានបម្រែបម្រួលអាកាសធាតុ បានធ្វើអោយកម្ពុជាទទួលរងនូវឥទ្ធិពលព្យុះផ្សេងៗនៅក្នុង តំបន់ និងប្រទេសជិតខាង ដែលជាហេតុបានធ្វើអោយកម្ពុជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កអោយមានជំនន់ទឹកភ្លៀង ព្រមទាំងកម្ពស់ទឹកទន្លេមេគង្គ និងទន្លេសាប មានការហកឡើងខ្ពស់ ។
នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន វីអូវ៉ាយ ថា ដោយមានបម្រែបម្រួលអាកាសធាតុ បានធ្វើអោយកម្ពុជាទទួលរងនូវឥទ្ធិពលព្យុះផ្សេងៗនៅក្នុងតំបន់ និងប្រទេសជិតខាង ដែលជាហេតុបានធ្វើមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កអោយមានជំនន់ទឹកភ្លៀង ព្រមទាំងកម្ពស់ទឹកទន្លេមេគង្គ និងទន្លេសាប មានការហកឡើងខ្ពស់ ផងដែរ ។ សំឡេង ៖
ដោយកម្ពស់ទឹកទន្លេមេគង្គ និងទន្លេសាប នៅតែបន្តហកឡើងជាបន្តបន្ទាប់ នោះ លោក កែវ វី បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានការសហការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពជំនាញនានា បានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងកម្លាំង សម្ភារៈ ក្រុមបច្ចេកទេស ក្នុងការបង្កាទប់ស្កាត់ និងជួយសង្រ្គោះដល់ប្រជារដ្ឋពលដែលរងគ្រោះ នៅតាមបណ្ដាខេត្តនានានៃប្រទេសកម្ពុជា ។ សំឡេង ៖
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ស្រុកក្រុងចំនួន ២៤ ក្នុងខេត្តទាំងបួនតាមទន្លេមេគង្គ បានទទួលរងផលប៉ះពាល់ ដោយមាន ១២៧ ឃុំសង្កាត់ ដែលមានប្រជាពលរដ្ឋរងគ្រោះ ៤៥៧៩៨ គ្រួសារ ដោយគណៈកម្មាធិការបានធ្វើការជម្រើសមានចំនួន ៦៨៩៣ គ្រួសារ ក្នុងនោះក៏មានពលរដ្ឋបាត់បង់ជីវិតចំនួន ៥ នាក់ ផងដែរ ។
ជាមួយគ្នានោះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏ទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះដែរផង ក្នុងនោះមាន ៖ សាលារៀងលិចទឹកចំនួន ២៩៧ កន្លែង វត្តអារាម ៨៩ មណ្ឌលសុខភាព ១៥ កន្លែង មានការបាក់ច្រាំងទន្លេ ខូចខាតផ្លូវថ្នល់ រួមទាំងដំណាំកសិកម្មរបស់ពលរដ្ឋត្រូវលិចទឹក ផងដែរ ។ សំឡេង ៖
ដោយឡែក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ផ្លូវនៅក្នុងប្រទេសកម្ពុជា សរុប៣៦ខ្សែ ស្មើនឹង៦០គីឡូម៉ែត្រ ក្នុងខេត្តចំនួន១១ បានទទួលរងផលប៉ះពាល់ខូចខាត ដោយសារតែជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដោយលោកស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវដែលរងការខូចខាតទាំង ៣៦សខ្សែរនោះ នៅមិនទាន់បានចាប់ផ្ដើមធ្វើការជួសជុលទេ ដល់តែរដូវភ្លៀងបិទបញ្ចប់ទៅ ទើបចាប់ផ្ដើមជួសជុលកែលម្អផ្លូវឡើងវិញ។ សំឡេង ៖
ជាមួយគ្នានេះ នៅល្ងាចថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០១៩ លោក គន់ គីម ប្រធានគណៈកម្មាធិកា ជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់តាមដងទន្លេក្នុង ក្រុងកំពង់ចាម ដោយនៅចំណុចផ្លូវថ្នល់មុខសណ្ឋាគារ មេគង្គ គឺទឹកទន្លេបានជ្រាបចេញដក់នៅលើថ្នល់ ដែលជាហេតុនេះ អាជ្ញាធរខេត្ត បានបិទកំណាត់ផ្លូវចំណុចនោះ ផ្អាកយានយន្តធ្វើដំណើរ ជាបណ្ដោះ អាសន្ន ។
សូមជម្រាបជូនថា ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ ១១.៤៤ ដោយកម្ពស់ទឹកប្រុងប្រយ័ត្ន ១០.៧០
២-ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ២២.៦៩ ដោយកម្ពស់ទឹកប្រុងប្រយ័ត្ន ២២.០០
៣-ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ ១៥.៧៣ ដោយកម្ពស់ទឹកប្រុងប្រយ័ត្ន ១៥.២០
៤-ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៩.៣៨ ដោយកម្ពស់ទឹកប្រុងប្រយ័ត្ន ១០.៥០
៥-ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់៦.៦៥ ដោយកម្ពស់ទឹកប្រុងប្រយ័ត្ន ៧.៥០
៦-ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់៧.៦៤ ដោយកម្ពស់ទឹកប្រុងប្រយ័ត្ន ៧.៤០
៧-ទន្លេសាប-ព្រែកក្តាម ទឹកមានកម្ពស់ ៧.៥២ ដោយកម្ពស់ទឹកប្រុងប្រយ័ត្ន ៩.៥០
៨-ទន្លេសាប-កំពង់លួង ទឹកមានកម្ពស់ ៤.២០ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!