គណៈកម្មការទី ២ រដ្ឋសភា ពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ កិច្ចព្រមព្រៀងទាក់ទងនឹងការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា ក្នុងការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការ យកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានប្រជុំពិភាក្សាផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិ- បាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការ យកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ។
ក្នុងកិច្ចប្រជុំនោះ លោក ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ ប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល មានគោលបំណងទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្ការការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ។
លោក ជាម យៀប បានមានបន្តទៀតថា កម្ពុជាបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងខាងលើជាមួយរដ្ឋបាល ពិសេសហុងកុង ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ រហូតបានបញ្ចប់ជាស្ថាពរ និងចុះហត្ថលេខារួចរាល់កាលពីពេលថ្មីៗនេះ ។
សូមជម្រាបជូនថា សេចក្តីព្រាងច្បាប់នេះ មាន៣ មាត្រា ដោយអង្គប្រជុំបានសម្រេចឯកភាពគ្នាដោយរក្សាអត្ថបទដើមទាំងស្រុងនៃសេចក្ដីព្រាងច្បាប់ ដោយគ្រាន់តែ កែសម្រួលអក្ខរាវិរុទ្ធអោយបានត្រឹមត្រូវ តាមវចនានុក្រមច្បាប់ តែប៉ុណ្ណោះ ។ ដោយឡែកនៅមានចំនុចមួយចំនួន ដែលមានលក្ខណៈ ស្មុគស្មាញ គណៈកម្មការជំនាញនឹងលើកយកទៅប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីទទួលបានការស្រាយបំភ្លឺនាពេលខាងមុខ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!