ក្រុមការងារក្រសួងធនធានទឹក ជួបប្រជុំជាមួយនឹងប្រតិភូធនាគារអភិឌ្ឈន៍អាស៊ី
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង ជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូធនាគារអភិវឌ្ឈន៍អាស៊ី ADB នៅទីស្នាក់ការកណ្តាលនៃសណ្ឋានតំណាង ADB ក្នុងទីក្រុងភ្នំពេញ ។
លោក ចាន់ សុីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បានដឹកនាំក្រុមការងារក្រសួង ធ្វើការជួបប្រជុំនឹងគណៈប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានអញ្ជើញមកពីនាយកដ្ឋានវាយតម្លៃឯករាជ្យរបស់ ADB ជានាយកដ្ឋានមានសិទ្ធិ និងអំណាចធំជាងគេ ហើយធ្វើរបាយការណ៍ត្រង់ទៅថ្នាក់ដឹកនាំកំពូលៗរបស់ ADB ដោយមិនចាំបាច់ឆ្លងអ្នកណាទាំងអស់ ។
ការជួបប្រជុំគ្នារវាងក្រសួងធនធានទឹក និង ADB រួមនិងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត គឺក្នុងបំណងបង្កើនកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងរវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងស្ថាប័នរដ្ឋទាំងអស់ក្នុងរាជរដ្ឋាភិបាលទាំងមូល និងADB ដោយផ្តោតចំទិសទៅ ក្នុងបណ្តាការងារដូចខាងក្រោម ៖
- ដកស្រង់មតិ និងបទពិសោធន៍របស់ក្រសួងស្ថាប័នរដ្ឋដែលកំពុងអនុវត្តកិច្ចសហការណ៍ទាំងអស់ជាមួយ នឹងADB លើចំណុចខ្លាំង និងចំណុចខ្សោយរបស់ ADB
- ពិនិត្យមើលលើការងារបច្ចេកទេសដែលបានប្រើប្រាស់ដោយ ADB ក្នុងពេលកន្លងមកមានគ្រប់គ្រាន់ហើយឬនៅ ជាមួយនឹងទុនដែលបានវិនិយោគ
- តើបច្ចេកទេសដែលនាំយកមកអនុវត្តដោយសារគម្រោង ADB ក្នុងពេលកន្លងមកបានធ្វើការឆ្លើយតបនឹងតម្រូវការរបស់ក្រសួងសាមី និងប្រទេសទាំងមូល យ៉ាងណា
- ហើយ ADB ធ្វើការកែលំអ យ៉ាងណាទើបក្រសួងស្ថាប័នរដ្ឋទាំងមូល ពេញចិត្ត អ្វីខ្លះទៀតត្រូវបន្ថែម។
ក្នុងនោះដែរ ADB ត្រូវតែយកចិត្តទុកដាក់ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធ្វើការអនុវត្តយុទ្ធសាស្រ្តរបស់ ADB ឆ្នាំ២០៣០ អោយបានត្រឹមត្រូវ និងឆ្លើយតបតាមតម្រូវការរបស់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!